វគ្គពិភាក្សាខ្លីរបស់ក្រុមហ៊ុន TODAY ISP នៅក្នុងអង្គការភូមិកុមារអរុណរះ

បច្ចុប្បន្ន​ប្រព័ន្ធ​អ៊ិនធឺណិត​បាន​ដើរ​តួរ​យ៉ាង​សំខាន់ សម្រាប់​ជា​មធ្យោបាយ​ផ្តល់​ និងទទួល​យក​ព័ត៌មានជុំ​វិញ​ពិភព​លោក។ ក្នុង​នោះ Facebook បាន​រួម​ចំណែក​យ៉ាង​ធំ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ របស់​អ្នក​ប្រើ​ប្រាស់​អ៊ិនធឺណិត​ជាទូទៅ។ ស្រប​ពេល​ជាមួយ​គ្នានេះដែរ ផលវិជ្ជមាន​ និងអវិជ្ជមាន​ គឺតែងតែ​កើត​មាន​ចំពោះ​អ្នក​ប្រើប្រាស់​អ៊ិនធឺណិត។ កាល​ពី​ថ្ងៃទី ៩ ខែឧសភា ថ្មីៗនេះ ក្រុម​ហ៊ុន​ TODAY ISP បាន​សហការណ៍​ ជាមួយ​អង្គការ​ភូមិ​កុមារ​អរុណរះ បើ​ក​វគ្គ​ពិភាក្សា​​​​ខ្លី​​មួយ ស្តី​ពី​ការ​ប្រើ​ប្រាស់ Facebook ដើម្បី​ជាប្រយោជន៍ ដល់​អាជីវកម្ម។ វា​ជា​ការ​បណ្តុះ​ផ្នត់​គំនិត​ ដល់​ក្មេង​ៗ ឲ្យ​ចេះ​ទាញ​យក​ផល​ប្រយោជន៍ពី​បណ្តាញ​សង្គម​មួយ​នេះ។

វគ្គ​ពិភាក្សា​​​​ខ្លី​នេះត្រូវបានរៀប​ចំ​ឡើង​ដោយ​ក្រុម​ការងារ​ផ្នែក​ទី​ផ្សារក្រុមហ៊ុន​ TODAY ISP និង​មាន​ការចូលរួម​ពី​សិស្សា​នុ​សិស្ស​ របស់​​អង្គការ​ភូមិកុមារ​អរុណ​រះ​។ លោក​ សៀង​ ផេងជី ប្រធាន​ផ្នែក​ទីផ្សារ ក្រុម​ហ៊ុន​ TODAY ISP បាន​ដឹក​នាំ​ការ​​​ពិភាក្សា​ និង​មាន​ការ​ជជែក​ដេញ​ដោល​ យ៉ាង​សកម្ម​ពី​សិស្សានុសិស្ស​ដែល​ចូលរួម។ ទ្រឹស្តី និង​ការ​អនុវត្ត​ជាក់​ស្តែង​ស្តី​ពី​ Facebook ត្រូវ​បាន​បំភ្លឺ វែក​ញែក​ ក្នុង​វគ្គខ្លីនោះ។ ក្រោយ​ពី​វគ្គ​ទី​១​បាន​បញ្ជប់ សិស្សានុសិស្ស មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង នឹង​បាន​សំណូម​ពរ​ឲ្យ​ មាន​ការ​បន្ត​ទៅ​វគ្គ​ទី២ ដោយ​មាន​ការ​អនុវត្ត​ជាក់​ស្តែង ទាក់​ទង​នឹង​បញ្ហាបច្ចេកទេស ក្នុង​ការ​បង្កើត​ Facebook Page ដើម្បី​ស្វែក​រក​ប្រាក់ ឬ​ក៏​ផ្សព្វផ្សាយ​ផលិត​ផលសេវាកម្ម​ផ្សេងៗ។

សូម​បញ្ចាក់​ថា ក្រុមហ៊ុន​ TODAY ISP បាន​ដាក់​គោល​ដៅ​ច្បាស់​លាស់​ក្នុង​ការ​ចូល​រួម​លើក​កំពស់​វិស័យ​អប់រំ។ ជាក់ស្តែង​ក្រុមហ៊ុន​បាន​ ផ្តល់ជូន​អ៊ិនធឺណិត​ឥតគិត​ថ្លៃ​ដល់​វិទ្យាល័យ​រដ្ឋ​ក្នុង​ក្រុ​ង​ភ្នំ​ពេញ និង​សៀមរាប។ ក្រុមហ៊ុន​ក៏​បាន​ផ្តល់​ជូន​អ៊ិនធឺណិត​ដល់​សមាគម​សិស្ស និស្សិត​ខេត្ត​ក្រចេះ។ ការ​​សហការ​ជាមួយ​អង្គការ​ភូមិ​កុមារ​អរុណរះ គឺជា​ជំហ៊ាន​ថ្មីមួយ​ ក្នុង​ការ​ផ្តល់​ការ​បណ្តុះ​បណ្តាល ដល់​សិស្ស​និស្សិត​ឲ្យ​យល់​ពី​របត់​បច្ចេក​វិជ្ជាថ្មី និង​ចេះ​ប្រើ​ប្រាស់​អ៊ិន​ធឺណិត​ក្នុង​ផ្លូវ​ត្រូវ។ ប្រសិន​លោក​អ្នក​ចង់​ស្វែងយល់​​បន្ថែម ពី​ក្រុមហ៊ុន​ TODAY ISP សូមចូល​ទៅ​កាន់​​គេហទំព័រ www.today.com.kh។​